ព័ត៌មាន

ព័ត៌មាន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បើកដំណើរការនៅប្រទេសកម្ពុជា

២៩ កញ្ញា ២០២១ | Cambodia

ភាពជោគជ័យក្នុងការឈានចូលទីផ្សារទី ១០ ក្នុងទ្វីបអាស៊ី

ថ្ងៃនេះ ក្រុមហ៊ុន FWD Group (សម្ព័ន្ធក្រុមហ៊ុន “FWD”) បានប្រកាសសម្ពោធដំណើរការអាជីវកម្មជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលជាទីផ្សារទី១០ របស់ខ្លួនក្នុងទ្វីបអាស៊ី។

 

ដំណើរមកកាន់ប្រទេសកម្ពុជានេះសបញ្ជាក់ពីការរីកលូតលាស់របស់ក្រុមហ៊ុន FWD ទូទាំងតំបន់ និងបានបង្ហាញពីការប្តេជ្ញាចិត្តដើម្បីក្លាយជាក្រុមហ៊ុនធានារ៉ាប់រងនាំមុខគេនៅអាស៊ីតាមរយៈការផ្ដល់ជូននូវបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង ព្រមទាំងគុណតម្លៃជាច្រើនបន្ថែមទៀតដល់អតិថិជន។

 

លោក Huynh Thanh Phong អគ្គនាយកក្រុមហ៊ុន FWD មានប្រសាសន៍ថា៖ “កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងសម្លឹងឃើញឱកាសជាច្រើនក្នុងការការពារ និងការផ្តល់ជូននូវស្ថិរភាពហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជា ហើយខ្ញុំប្រាកដចិត្តថាក្រុមការងាររបស់យើងនៅទីនេះនឹងទទួលបានជោគជ័យក្នុងការផ្ដល់នូវបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់ប្រជាជនកម្ពុជា។”

 

លោក ចាន់ រដ្ឋា នាយកប្រតិបត្តិក្រុមហ៊ុន FWD Cambodia បានលើកឡើងថា៖ “ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលទទួលបានឱកាសដ៏ពិសេសមួយនេះក្នុងការដឹកនាំអាជីវកម្មរបស់យើង និងបើកទំព័រថ្មីរបស់ក្រុមហ៊ុន FWD ក្នុងប្រទេសកម្ពុជា។ អនាគតរបស់ក្រុមហ៊ុន FWD នៅក្នុងប្រទេសកម្ពុជានឹងរឹតតែមានភាពត្រចះត្រចង់ ហើយខ្ញុំជឿជាក់ថាយើងនឹងសម្រេចបាននូវសមិទ្ធផលជាច្រើនជាមួយក្រុមការងាររបស់យើង។ យើងនឹងផ្តល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍ថ្មីមួយលើសេវាធានារ៉ាប់រងដែលអាចជួយឲ្យពួកគាត់រស់នៅដោយភាពរីករាយ។”

 

ក្នុងរយៈពេលពីរទសវត្ស (ឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៩) សេដ្ឋកិច្ចកម្ពុជារក្សាកំណើនផលិតផលក្នុងស្រុកសរុបក្នុងកម្រិតជាមធ្យម ៧% ដែលនេះជាកំណើនខ្ពស់បំផុតមួយក្នុងពិភពលោក។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយស្ថិរភាព និងចំនួនកើនឡើងនៃប្រជាជនដែលមានជីវភាពធូរធារ រួមជាមួយនឹងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមាននូវបរិយាកាសដ៏ល្អសម្រាប់វិស័យធានារ៉ាប់រងនៅកម្ពុជា។ លោក ចាន់ រដ្ឋា ក៏មានប្រសាសន៍ផងដែរថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនិយ័តករធានារ៉ាប់រងកម្ពុជា សម្រាប់ការស្វាគមន៍ដ៏កក់ក្ដៅ និងការណែនាំ ក៏ដូចជាការផ្ដល់នូវទំនុកចិត្តខ្ពស់មកលើយើងខ្ញុំ ជាពិសេសសម្រាប់ការបង្កើតឱ្យមាននូវរចនាសម្ព័ន្ធផ្នែកច្បាប់ដ៏ល្អដែលខ្ញុំជឿជាក់ថានឹងអនុញ្ញាតឲ្យក្រុមហ៊ុន FWD Cambodia ក៏ដូចជាវិស័យធានារ៉ាប់រងទាំងមូលទទួលបានជោគជ័យ។»


អំពីក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។

ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់ងជូនដល់អតិថិជនរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com។ 

Share