ព័ត៌មាន

ព័ត៌មាន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ចុះកិច្ចព្រមព្រៀងជាដៃគូអាជីវកម្មប៊េងកាសួរេន

២៤ សីហា ២០២២ | Cambodia

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និង ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង (ធនាគារ ជីប ម៉ុង) បានប្រកាសជាផ្លូវការពីការចុះកិច្ចព្រមព្រៀងជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីផ្តល់ដំណោះស្រាយលើសេវាធានារ៉ាប់រងអាយុជីវិត និងការការពារផ្នែកហិរញ្ញវត្ថុដល់អតិថិជនរបស់ធនាគារ ជីប ម៉ុង ទូទាំងប្រទេស។ ក្នុងភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ជីប ម៉ុង នឹងអាចទទួលបានដំណោះស្រាយធានារ៉ាប់រងបែបឌីជីថលដែលសមស្របបំផុតទៅតាមតម្រូវការរបស់អតិថិជន។


លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «ភាពជាដៃគូអាជីវកម្មប៊េងកាសួរេន គឺជាបណ្តាញយុទ្ធសាស្ត្រផ្នែកលក់ដ៏សំខាន់មួយរបស់ក្រុមហ៊ុន FWD ទូទាំងតំបន់អាស៊ីរួមទាំងក្នុងប្រទេសកម្ពុជាផងដែរ។ ភាពជាដៃគូនេះ ជាសមិទ្ធផលដ៏ធំមួយសម្រាប់យើង ដែលដើរទន្ទឹមគ្នាជាមួយការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងដែលអាចជួយឱ្យក្រុមគ្រួសារកម្ពុជារស់នៅប្រកបដោយភាពរីករាយ ។ ការប្តេជ្ញាចិត្តរបស់ធនាគារ ជីប ម៉ុង ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប ដើរស្របគ្នាយ៉ាងល្អទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន FWD ក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងដោយការយកអតិថិជនជាគោល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលលើរាល់សកម្មភាពដែលយើងធ្វើ។ ខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យភាគីទាំងពីររីកចម្រើនទៅមុខកាន់តែខ្លាំងឡើង និងទទួលបានជោគជ័យក្នុងភាពជាដៃគូអាជីវកម្មប៊េងកាសួរេននៅប្រទេសកម្ពុជា។»


លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានមានប្រសាសន៍ថា៖ «ពិធីចុះហត្ថលេខាថ្ងៃនេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើររបស់យើងតែប៉ុណ្ណោះ យើងនឹងមានកិច្ចការជាច្រើនដែលត្រូវសហការគ្នា ដើម្បីធានាពីការរួមគ្នាត្រួសត្រាយផ្លូវទៅកាន់ភាពជោគជ័យ។ ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ខ្ញុំអាចធានាថាកិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវគុណតម្លៃថ្មី និងការរីកចម្រើននាពេលអនាគត សម្រាប់ក្រុមហ៊ុនយើងទាំងពីរ ខណៈដែលយើងត្រៀមខ្លួនប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវសេវាធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈ និងសេវាធនាគារដោយផ្ទាល់ជាមួយអតិថិជន ក៏ដូចជាតាមអនឡាញ។»

 
seclected.jpg
selected-1.jpg

អំពីក្រុមហ៊ុន FWD


ក្រុមហ៊ុន FWD Group ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។


ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.fwd.com.kh

អំពីធនាគារ ជីប ម៉ុង ខមមើសល ប៊ែង

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩ មក ធនាគារ ជីប ម៉ុង បានផ្ដល់ជូននូវដំណោះស្រាយសេវាហិរញ្ញវត្ថុដែលបានរៀបចំឡើងយ៉ាងល្អប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងរឹងមាំ ដើម្បីជួយអតិថិជនរបស់យើងឱ្យមានការរីកចម្រើនផ្នែកហិរញ្ញវត្ថុ។ ធនាគារ ជីប ម៉ុង មានផ្ដល់ជូននូវបទពិសោធន៍សេវាធនាគារតាមតម្រូវការរបស់អតិថិជនម្នាក់ៗដោយមានការយល់ដឹងគ្រប់ជ្រុងជ្រោយអំពីវិស័យទីផ្សារ និងតម្រូវការអាជីវកម្មរបស់លោកអ្នក។ ជាផ្នែកមួយនៃសមិទ្ធផលដ៏ជោគជ័យរបស់ ជីប ម៉ុង ចាប់តាំងពីឆ្នាំ១៩៨២ មក នៅធនាគារ ជីប ម៉ុង យើងខ្ញុំមានបំណងចង់ក្លាយទៅជាធនាគារដ៏មានទំនុកចិត្តខ្ពស់បំផុតមួយនៅក្នុងប្រទេស ដែលផ្ដល់ជូននូវដំណោះស្រាយសេវាមានភាពច្នៃប្រឌិត តាមរយៈបច្ចេកវិទ្យាទំនើប សេវាឆាប់រហ័ស និងនៅជិតអតិថិជនបុគ្គល និងអតិថិជនជាក្រុមហ៊ុនរបស់យើងទាំងអស់។

Share